លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិចមួយកន្លែងជាទាហានស័ក្តិ៤ នាំបក្ខពួកព្រួតវាយ និងចាប់ចងយុវជន៣នាក់ តែក្រោយមកថា ជារឿងយល់ច្រឡំ.!

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិច ឈ្មោះ តាំង សឿន (គី សឿន) អាយុ៤៨ឆ្នាំ ជាទាហានពាក់ស័ក្តិ៤ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ករណីនាំកូនប្រុស និងបក្ខពួកប្រមាណជិត១០នាក់ ជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជន៣នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួស។

ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិចឈ្មោះ តាំង សឿន អាយុ៤៨ឆ្នាំ មានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងកូនប្រុស ព្រមទាំងបក្ខពួកប្រមាណជិត១០នាក់ បាននាំគ្នាជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជនដែលជិះគ្នា៣នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួស។
បន្ទាប់ពីចាប់ចង និងព្រួតវាយរួច ឈ្មោះ តាំង សឿន ព្រមទាំងបក្ខពួកបានចាប់យុវជន៣នាក់នេះ ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ និងរាយការណ៍ទៅសមត្ថកិច្ចថា ជាករណីយល់ច្រឡំ។ បុគ្គលឈ្មោះ តាំង សឿន បានប្រាប់សមត្ថកិច្ចថា ខ្លួនយល់ច្រឡំស្មានតែយុវជន៣នាក់នេះ ជាអ្នកគប់ផាវចូលស្ថានីយ៍ប្រេងរបស់ខ្លួនកាលពីពេលកន្លងទៅ ទាំងដែលយុវជនទាំង៣នាក់នេះ មិនដឹងរឿងអ្វីទាល់តែសោះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ។

ក្រោយចាប់វាយដោយគ្មានហេតុផល និងប្រគល់ឲ្យសមត្ថកិច្ចរួចហើយនោះ បុគ្គលឈ្មោះ តាំង សឿន បានបង្ខំឲ្យយុវជនទាំង៣នាក់ ដែលសុទ្ធតែជាអនីតិជន (អាយុក្រោម១៨ឆ្នាំ) ផ្ដិតមេដៃធ្វើកិច្ចសន្យាបញ្ចប់រឿង មិនប្ដឹងផ្ដល់ជាមួយគេទៅវិញ ដោយមិនបានប្រាប់ទៅឪពុកម្តាយរបស់ពួកគេ។ ប៉ុន្តែដោយសារដឹងពីអំពើហិង្សាទាំងកម្រោល មិនខ្លាចច្បាប់ទម្លាប់បែបនេះឪពុកម្តាយរបស់ក្មេងប្រុសទាំង៣នាក់ បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល សង្កាត់ក្រាំងធ្នង់ ប៉ុន្តែមិនទាន់មានចំណាត់ការនោះឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *