ខេត្តកណ្ដាល៖ ភាពមិនប្រក្រតីរបៀបត្រីងៀតឆ្លៀតពងរបស់ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ 21ប្រែក្លាយជាប្រធានបទមួយសំរាបអាជីវករនិងឈ្មួញដែលប្រកបរបររកសុីដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ21 សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល ។
ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ21សង្កាត់ព្រែកស្ដីបានអោយដឹងថា ករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនៅចំណុច ផ្លូវជាតិលេខ21នៅចំណុចសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល កំពុងប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយតាមរបៀបពុករលួយ ទោះប្បីជារថយន្ដដឹកទំនិញមិនលើសទម្ងន់ ក៏មន្ត្រីនៅប្រចាំស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តដែលនៅទីនោះអោយបង់លុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់គួរឲ្យស្អប់ខ្ពើម ។
ប្រភពពី ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ21សង្កាត់ព្រែកស្ដីបានឲ្យដឹងទៀតថា រថយន្ដដឹកទំនិញលេីសទម្ងន់ឬមិនលេីសទម្ងន់ តម្រូវឲ្យបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ21មិនអាចរំលងបាន ។ រីឯលោក បូរី វង្សសានិត្យ ប្រធាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ឡើងកាន់តំណែងថ្មី បណ្ដោយអោយប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ21សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពេីចិត្ត។ចំណែកលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈគម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្ដទូទាំងប្រទេស រក្សាភាពស្ងៀមស្ងាត់!។
តាមការបង្ហេីបពីមន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានអោយដឹងថា ដោយមានការឃុបឃិតបើកដៃពីថ្នាក់ដឹកនាំមន្ទីរ បើកភ្លើងខៀវទើបប្រធាននិងក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចខាងលើរកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើនៗ ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ជញ្ជីថ្លឹងរថយន្ដផង និងមានចំណូលដាក់ក្នុងហោប៉ៅចែកគ្នាធ្វើមានធ្វើបានផង។
ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍មួយនេះទារលុយច្រើនៗពេកបើទោះប្បីជារថយន្តមានការដឹកទំនិញលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ជាងនេះទៅទៀតបើទោះប្បីជារថយន្តដឹកមិនលើសទម្ងន់ក៏មិនត្រូវហាមាត់លូកដៃទារលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ? ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនទំនិញអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះដែរ ។
រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនេះបន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ ទោះរថយន្តដឹកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់ត្រូវតែបង់លុយតាមការកំណត់មិនអាចរំលងបាន។
រឿងពួកមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចខាលើនេះពិត ជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។
បញ្ហានេះហើយក្រុមអ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង សាធារណការនិងជាប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស រួមនិងឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មិនគូរបណ្ដែតបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ21នេះ និងបក្សពួកមន្ត្រីជញ្ជីងនៅចំណុចសង្កាត់ព្រែកស្តី ក្រុងសំពៅពូននេះប្រែក្លាយជាជញ្ជីងថ្លឹងលុយ តាមរបៀបជិះសេះលែងដៃ តទៅទៀតបានឡើយជាពិសេសលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ មេត្តាចាត់មន្រ្តីក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ21សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយជិះសេះលែងដៃ៕