ភ្នំពេញ ៖ លោក ណូយ វណ្ណេត បានលើកឡើងថា ថ្មីៗនេះ មានផេកហ្វេសប៊ុកមួយបានធ្វើការបង្ហោះរូបភាពរបស់លោកជួបគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានឆ្នាំកន្លងមក ដោយអមនឹងសំណេរថា «ចូលរួមរំលែកទុក្ខផង តារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត ទទួលមរណភាពហើយ»។
លោកបញ្ជាក់ថា រូបភាពដែលគេបានបង្ហោះនោះ គឺជារូបភាពដែលលោកបានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្ទឹងហាវ កាលពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ មិនមែនទើបតែកើតមានថ្មីៗនោះឡើយ។ លោកបន្តថា លោកមិនដឹងទេថា តើការធ្វើបែបនេះរបស់ម្ចាស់ផេកគ្រាន់ចង់បានការចូលមើលច្រើនឬយ៉ាងណានោះឡើយ? ប៉ុន្តែការធ្វើបែបនេះ គឺជាការប្រមា.ថជីវិ.តលោកយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលលោកមិនមានអ្វីកើតឡើងនោះឡើយ។
លោកបន្ថែមថា លោកពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើងនាពេលនេះ ហើយវាអាចជាការបំពុលសង្គម និងនាំឲ្យមានការយល់ច្រឡំមកលើរូបលោកដែលមិនដឹងអ្វីទាំងអស់ ក្នុងពេលដែលលោកនៅមានជីវិត សុខភាពល្អធម្មតា និងកំពុងបំពេញការងារតាមខេត្តស្ទើររាល់ថ្ងៃ។ ចេតនានៃការបង្ហោះប្រមាថមើលងាយអាយុជីវិតរបស់លោកនាពេលនេះ គឺមិនមែនជារឿងមួយល្អឡើយ ដោយសារវានាំឲ្យមហាជនយល់ច្រឡំ ហើយដោយសារតែរឿងនេះ លោកបានទទួលការហៅទូរស័ព្ទពីបងប្អូនជាច្រើនរយនាក់ ។
លោក ណូយ វ៉ាន់ណេត ថា លោកស្នើឲ្យម្ចាស់ផេកហ្វេសប៊ុកមួយនេះ ប្រញាប់លុបចេញជាបន្ទាន់ ហើយបង្ហោះសារសុំទោសលោកជាសាធារណៈ នៅពេលដែលលោកមានវិធានការតាមផ្លូវច្បាប់៕