ភ្នំពេញ៖ យោងតាមប្រសាសន៍របស់ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាប្រាប់សារព័ត៌មាននៅក្នុងស្រុកឱ្យដឹង ថា កងទ័ពរកម្ពុជា- ថៃ ពិតជាមានការផ្ទុះអាវុ.ធមួយប្រាវពិតប្រាកដមែននៅព្រលឹមថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ នេះ នៅមុំបី នៃខត្តព្រះវិហារ និង ខេត្ត Ubon Ratchathani ។
ទោះជាយ៉ាងណា ទាំងកម្ពុជា-ថៃ មិនទាន់បញ្ជាក់លម្អិតជុំវិញមានអ្នកស្លាប់ ឬ រងរបួសពីការផ្ទុះអាវុធដាក់គ្នាមួយប្រាវនេះទេ ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជា ការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា មកដល់ពេលនេះភាពតានតឹង នៅព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងសភាពប្រឈមមុខដាក់គ្នា ។
តាមការចុះផ្សាយរបស់ The Nation របស់ថៃ បានស្រង់សំដីរបស់លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា លោកបានទទួលរបាយការណ៍អំពីឧបទ្ទវហេតុនេះ និងបញ្ជាក់ថា ការបាញ់តបតវិញរបស់ទាហានថៃគឺជាការចាំបាច់ដើម្បីការពារខ្លួនឯង និងអធិបតេយ្យភាពរបស់ថៃ ខណៈកម្ពុជាជាអ្នកបាញ់មុន។
ទោះជាយ៉ាងណា ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានឆ្លើយតវិញថាការប៉ះទង្គិចគ្នាមួយប្រាវកាលពីព្រឹកមិញ គឺផ្តើមចេញពីទាហានថៃ ដោយបានបាញ់មកលើទាហានខ្មែរមុន។
ក្រោយកើតហេតុ ជំនួយការរបស់នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានទូរស័ព្ទទៅលោកឧត្តមសេនីយ៍ Natthapon Nakpanich អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដោយជំរុញឱ្យភាគីទាំងពីរកាត់បន្ថយភាពតានតឹង។ បច្ចុប្បន្នកម្លាំងទាំងថៃ និងកម្ពុជានៅតែដាក់ពង្រាយកងទ័ពនៅតំបន់នោះ។ នេះ បើតាម The Nation៕