ភ្នំពេញ@.លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិក្ររសួងការពារជាតិ នារសៀលថ្ងៃទី២៨ ខែឧសភា នេះ បានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ហេតុការណ៍ដែលបានកើតឡើងកាលពីពេលព្រឹក គឺបង្កឡើងដោយកងទ័ពថៃ ដោយពួកគេបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ។ ការបាញ់ប្រហារនេះ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។
ក្រសួងការពារជាតិ បានបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់ បាននោះទេ ហើយភាគីនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។
«កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ»។ នេះជាការបញ្ជាក់របស់ក្រសួងការពារជាតិ។
ជាមួយគ្នានេះ ក្រសួងការពារជាតិ អំពាវនាវឱ្យសាធារណជនកុំជឿ និងផ្សព្វផ្សាយនៅតាម បណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង។
«ក្រសួងការពារជាតិក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ»។ នេះជាការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន៕ទាហានខ្មែរម្នាក់ស្លាប់ក្នុងការផ្ទះអាវុធជាមួយទាហានថៃ
—
ទាហានខ្មែរម្នាក់ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបី បានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃនៅព្រឹកទី២៨ឧសភានេះ។
ទាហានខ្មែរនិងថៃ បានបើកការបាញ់ប្រហារគ្នាក្នុងរយៈពេលខ្លី ស្ថិតនៅក្នុងតំបន់ជម្លោះតាមព្រំដែននៅថ្ងៃពុធនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP និងបណ្ដាញសារព័ត៌មានរបស់ថៃ។
សេចក្ដីថ្លែងការណ៍ពីភាគីថៃបានលើកឡើងថា ទាហានខ្មែរបានចូលទៅក្នុងតំបន់ព្រំដែនមានជម្លោះ ហើយទាហានរបស់ខ្លួនបានចូលទៅចរចានិងហាមឃាត់ ប៉ុន្តែទាហានខ្មែរបានបើកការបាញ់ប្រហារ ដែលបណ្ដាលឱ្យទាហានថៃត្រូវបាញ់តបតការពារខ្លួនទៅវិញ។
ទោះជាយ៉ាងណា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាលោក ម៉ៅ ផល្លា បាននិយាយថា ទាហានថៃបានបើកការបាញ់ប្រហារ នៅពេលទាហានខ្មែរកំពុងដើរត្បាតតាមទម្លាប់នៅតាមព្រំដែន។ ក្រោយប៉ះទង្គិចគ្នាអស់រយៈពេល១០នាទី មេបញ្ជាការកងទ័ពប្រចាំតំបន់ប្រទេសទាំងពីរបានជួបនិយាយគ្នាតាមទូរសព្ទដើម្បីបញ្ជាឱ្យមានបទឈប់បាញ់គ្នាសិន។
ភាគីថៃថា ពុំមានទាហានរបស់ខ្លួនណាម្នាក់ស្លាប់ក្នុងហេតុការណ៍ប្រយុទ្ធគ្នានេះទេ។ រដ្ឋមន្ត្រីការពារជាតិថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) បាននិយាយថា ភាពតានតឹងត្រូវបានដោះស្រាយ ហើយបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរ គ្មានចេតនាចង់បាញ់ប្រហារគ្នានោះទេ៕