កំសាន្ត

ទីបំផុតអ្នកដឹកនាំផលិតចម្រៀង “ តើអ្នកព្រៃវែងអាក្រក់ត្រង់ណា ” ចេញមុខសុំទោស​ជាសធារណៈហើយ

ភ្នំពេញ៖ នៅទីបំផុត លោក ឈួន សុខលីម ជាអ្នកគ្រប់គ្រង និងដឹកនាំផលិតបទចម្រៀង តើអ្នកព្រៃវែង​អាក្រក់​ត្រង់ណា ​បានចេញមុខសុំទោសមហាជនជា​សាធារណៈ​ពិសេសថ្នាក់ដឹ​កនាំជាន់ខ្ពស់គ្រប់លំដាប់​ថ្នាក់ដែល​មាន​ទីកន្លែងកំណើតចេញមកពីទឹកដី នៃខេត្តព្រៃវែង ទាំងអស់។

ការចេញមុខសុំទោសជា​សាធារណៈ​ពីសំណាក់ លោក ឈួន សុខលីម នាពេលនេះបានធ្វើឡើ​ងភ្លាមៗក្រោយ​ពេលផ្ទុះការរិះគន់និងបញ្ចេញប្រតិកម្មយ៉ាងគំហុកពីសំណាក់មហាជនបន្ទា​ប់ពីមានការប​ង្ហោះផ្សព្វផ្សាយនូវបទ តើអ្នកព្រៃវែងអាក្រក់ត្រង់ណា ? ដែលនៅក្នុងអត្ថន័យបទនេះ បា​​នច្រៀ​ង​ប្រមាថ​ធ្ងន់ធ្ងរចំពោះអ្នករស់នៅខេត្តព្រៃវែង ។ ​

ផ្អែកតាមការលើកឡើងរបស់ លោក ឈួន សុខលីម ដែលជាអ្នកគ្រប់គ្រងផលិតកម្មមរតកមេឌៀ បានថ្លែងថា ខ្ញុំបាទ ឈួន សុខលីម ជាអ្នកគ្រប់គ្រងនិងជាអ្នកដឹកនាំផលិតបទចម្រៀង តើអ្នកព្រៃវែងអាក្រក់ត្រង់ណា? នៅក្នុងផលិតកម្ម ​ផេកហ្វ៊េ​សបុក ឆាណែលយូធូប ផលិតកម្មមរតកមេឌៀ បានទទួលស្គាល់នូវកំហុស​និងសុំទោស​ពី​​ចម្ងាយ​ចំពោះបងប្អូនអ្នកខេត្តព្រៃវែង។

ជាពិសសេស​ គឺប្រមុខដឹកនាំមាន សម្តេចក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រ​សួង​មហាផ្ទៃ ដែលជាថ្នាក់ដឹកនាំ និងជាកូនអ្នកព្រៃវែង ​ និងឯកឧត្ត​ម ស សុខា ដែលជាថ្នាក់ដឹកនាំចុះជួយ​ខេត្ត​ព្រៃវែង និង​មន្ត្រី​ នៃ​គណៈ​អ​ភិបាលខេត្តព្រៃវែង​ រួមទាំងក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ។ ​

លោក ឈួន សុខលីម  បានចាត់ទុកការ​និពន្ធ​បទចម្រៀង​ ដែលមានការ​រិះគន់​នេះថា ជាការ​និពន្ធ​ក្មេងខ្ចី។

​លោក​អះអាង​ថា ​និង​កែប្រែ​រាល់​កំហុស​ខុសឆ្គង​ទាំងអស់ ​ដោយមិនបន្តឲ្យមានការរើ​សអើស​បែបនេះទៀតទេ ​​។

នាពេលថ្មីៗនេះ មហាជនជាច្រើនបាន​ប្រតិកម្ម​យ៉ាងខ្លាំងចំពោះ​ផលិតកម្ម មរតក មេឌៀ (Morodok Me​dia) ដែលសម្ដែងបទចម្រៀង អ្នកព្រៃវែងអាក្រក់ត្រង់ណា ។ នៅក្នុងការ​សម្ដែង​នោះ ត្រូវបានអ្នក​ដើរ​តួ​បញ្ចេញ​ពាក្យសម្ដី និង​កាយវិការ​ មើលងាយដល់អ្នកខេត្តព្រៃវែង ​។

ជុំវិញករណីនេះ ​រដ្ឋបាល​ខេត្ត​ព្រៃវែង​ បានចាត់ទុកបទចំរៀងនេះថា ជាការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរមកលើ​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​ និង​សតិអារម្មណ៍​ ប្រជាពលរដ្ឋខេត្តព្រៃវែង ជាដើម។

រដ្ឋបាល​ខេត្តព្រៃវែង ក៏បាន​ស្នើ​ឲ្យក្រសួង​វប្បធម៌​ និងវិចិត្រសិល្បៈ ចាត់វិធានការ ចំពោះផលិតកម្ម មរតក មេឌៀ (Morodok Media) ដែលបានបង្ហោះឃ្លីប​វីដេអូ​ បទ​ចម្រៀង អ្នកព្រៃវែងអាក្រក់ត្រង់ណា ផងដែរ៕