រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះ ការរីករាលដាលនៃជំងឺកូវីដ១៩
បានអូសបន្លាយអស់រយៈជាងកន្លះឆ្នាំមកហើយ
ហើយក៏មិនទាន់មានតម្រុយនៃវ៉ាក់សាំងការពារជំងឺនេះ
ដែលធ្វើអោយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនៃប្រទេសទូទាំងពិភពលោកបន្តប៉ះពាល់
។ដោយឡែកប្រទេសកម្ពុជាវិញតាមការព្យាករណ៍ថា
អាចនឹងបន្តប៉ះពាល់នៃសេដ្ឋកិច្ចកាន់តែធំឡើងថែមទៀត
បើសិនជាជំងឺនេះនៅតែបន្តអូសបន្លាយពេលយូរថែមទៀតនោះ ។
យោងតាមសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច
និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១
បានអោយដឹងថា សេដ្ឋកិច្ចកម្ពុជា បាន
និងកំពុងទទួលរងនូវផលប៉ះទង្គិចធ្ងន់ធ្ងរ
បង្កឡើងដោយការរីករាលនៃជំងឺកូវីដ១៩ ហើយជាលទ្ធផល
សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនអវិជ្ជមាន
ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន ។
ជាមួយគ្នានេះ
ស្ថាប័នអន្តរជាតិធំៗបានធ្វើសេចក្ដីសន្ដិដ្ឋានថា
សេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ច
ដែលនឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន ។
កត្តាសត្យានុម័តមួយចំនួនដែលបង្ហាញការខាតបង់នៃសេដ្ឋកិច្ចកម្ពុជា
មានទំហំធំធេង រួមមាន ១- ផលប៉ះពាល់ដែលកើតចេញពីវិបត្តិកូវីដ១៩ នេះ
មានវិសាលភាពជាសកល និងមានល្បឿនលឿនជាការរំពឹងទុក ២)
វិស័យដែលអូសទាញកំនើនសេដ្ឋកិច្ចកម្ពុជា បាន
និងកំពុងទទួលរងផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ ខណៈជន្ទល់កំណើនថ្មី
នៅមិនទាន់អាចមានលទ្ធភាពជំនួសបាននៅឡើយ ,៣-
មុនទទួលនូវផលប៉ះពាល់ដោយផ្ទាល់ពីវិបត្តិនេះ
សេដ្ឋកិច្ចកម្ពុជាបានចាប់ផ្ដើមជាមួយនឹងសញ្ញាថមថយរួចជាស្រេចទៅហើយ
តាមរយៈការបាត់បង់ខ្លះៗនូវភាពប្រកួតប្រជែងដោយសារការព្យួរ EBA លើមុខទំនិញនាំចេញមួយចំនួន ៤-លទ្ធភាព
និងប្រសិទ្ធភាពនៃវិធានការគាំទ្រ ជាពិសេស
ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជានៅមានកម្រិត ៥- ជំហរអភិក្រម
និងជម្រើសវិធានការរបស់កម្ពុជាផ្ទាល់ត្រូវស្រប
និងដើរទន្ទឹមនឹងប្រទេសជិតខាង និងតំបន់
ដែលនេះហាក់កំពុងដាក់កំហិតបន្ថែមលើកិច្ចខិតខំប្រងប្រែងរបស់កម្ពុជា
និង៦- កម្ពុជាត្រូវត្រៀមសម្របខ្លួនជាមួយនឹងការប្រែប្រួលនៃនិន្នាការសកល
ឬអាចជាប្រក្រតីកម្មថ្មីដែលទាមទារនូវពេលវេលា
និងការគិតគូរអោយបានគ្រប់ជ្រុងជ្រោយ ។
រាជរដ្ឋាភិបាលនឹងបន្តប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជំងឺនេះ
និងគាំទ្រការស្ដារនិងជំរុញការងើបឡើងវិញ នៃសង្គម សេដ្ឋកិច្ចកម្ពុជា
តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច និងអាទិភាព
ជាមួយនឹងការគាំទ្រផ្នែកធនធានហិរញ្ញវត្ថុអោយចំគោលដៅ និងទាន់ពេលវេលា
ព្រមតាំងការពង្រឹងសមត្ថភាពស្ថាប័ន
ប្រកបដោយប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាពខ្ពស់ ។
បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា
ADB បានចេញផ្សាយកន្លងទៅនេះថា
សេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះដល់ទៅ-៥,៥ភាគរយ
ក្នុងឆ្នាំ ២០២០នេះ ប៉ុន្តែកំណើនអាចនឹងល្អប្រសើរឡើងនៅឆ្នាំ ២០២១
ដែលមានកំណើនជាវិជ្ជមានប្រមាណ៥,៩ភាគរយ
ខណៈរដ្ឋាភិបាលបានព្យាករណ៍កន្លងទៅនេះ ថាឆ្នាំ២០២០នេះ
សេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះជាអវិជ្ជមាន-២,៩ភាគរយ
តែឡើងវិញនៅឆ្នាំ ២០២១ ជាវិជ្ជមានក្នុងរង្វង់៣,៥ភាគរយ
៕