សេដ្ឋកិច្ច

រោងចក្រ​មួយ​ចំនួន​បង្វែរ​សង្វា​ក់​ផលិតកម្ម​ទៅ​ផលិត​ម៉ាស់​សម្រាប់​នាំ​ចេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​កូ​វី​ដ​១៩​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​រហូត​រោងចក្រ​មួយ​ចំនួន​បង្ខំចិត្ត​ព្យួរការងារ​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​នោះ ក៏​មាន​ម្ចាស់​រោងចក្រ​មួយ​ចំនួន​បាន​សម្រេចចិត្ត​ពង្រីក​មុខសញ្ញា​បន្ថែម ក្នុង​សង្វា​ក់​ផលិតកម្ម​ទៅ​ជា​ការ ផលិត​ម៉ាស់​សម្រាប់​ការ​នាំ​ចេញ ។

យោង​តាម​សមាគម​ន៍​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បានឱ្យ​ដឹង​នៅ ថ្ងៃ​ទី​១ ខែ កក្កដា​នេះ​ថា មាន​រោងចក្រ​មួយ​ចំនួន​បាន​សម្រេច​ពង្រីក​ការ​ផលិត​របស់​ខ្លួន​ទៅ​ជា​ការ​ផលិត​ម៉ាស់ ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ ។ ហើយ​រោងចក្រ​ទាំងនោះ គឺ​កំពុង​ផលិត​ម៉ាស​ពីរ​ប្រភេទ ទី​១ គឺជា​ប្រភេទ ម៉ាស់​ក្រណាត់​ធម្មតា (​ទប់ស្កាត់​ធូលី​) និង​ទី​២ – ម៉ាស់​សម្រាប់​ពេទ្យ​ពេល​វះកាត់ (Surgical mask)

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព នៅ​ថ្ងៃ​ទី​០១ ខែកក្កដា​នេះ​ថា «​ម៉ាស់​ដែល​កំពុង​ផលិត និង​នាំ​ចេញ​ទៅ​ក្រៅ​នោះ​មាន​ពីរ​ប្រភេទ គឺ ម៉ាស់​ដែល​ការពារ​ធូលី និង​ម៉ាស់​ដែល​ពេទ្យ​ប្រើ​សម្រាប់​វះកាត់ ។ វា​ជា​ម៉ាស់​ធម្មតា មិន​មាន​តម្លៃ​ខ្ពស់​ទេ ដូចនេះ​ការ​ផលិត គឺ​វា​មិន​បាន​ទទួល​នូវ​ប្រាក់​ចំណេញ​ខ្ពស់​នោះ​ទេ​»

លោក កាំ​ង ម៉ូ​នី​កា បាន​បន្ថែម​ថា «​អ្វី​ដែល​រោងចក្រ​កាត់ដេរ​យើង​មួយ​ចំនួន បាន​ពង្រីក​មុខសញ្ញា​បន្ថែម ក្នុង​ការ​ផលិត​ម៉ាស់​ទាំង​ពីរ​ប្រភេទ​នេះ​គ្រាន់តែ ដើម្បី​ធ្វើ​ឱ្យ​មាន​សកម្មភាព ផលិតកម្ម ដើម្បី​ជួយ​រក្សា​ការងារ​ដល់​បងប្អូន​កម្មករនិយោជិត​របស់​យើង ជា​ជាង​ការ​ព្យួរការងារ ហើយ​សម្រាក​នៅផ្ទះ​»

ចំពោះ​បរិមាណ​នៃ​ការ​បញ្ជា​ទិញ​វិញ​លោក កាំ​ង ម៉ូ​នី​កា បាន​បន្ត​ថា វា​មិន​មាន​អ្វី​ច្រើន​លើសលុប​ទេ គ្រាន់តែ​ខាង​សមាគម​ន៍​ព្យាយាម​រក្សា​ប្រតិបត្តិការ​ផលិតកម្ម ហើយ​ធ្វើ​យ៉ាងណា​រក្សា​ការងារ​ខ្លះ​ៗ ជូន​បងប្អូន​កម្មករ​របស់​យើង​កុំឱ្យ​គាត់​បាត់បង់​ការងារ​ទាំងស្រុង ។ បន្ថែម​ពី​នេះ​លោក កាំ​ង ម៉ូ​នី​កា សង្ឃឹមថា ស្ថានការណ៍​នឹង​វិល​ត្រឡប់​មក​ដូច​ដើម​វិញ​ប៉ុ​ណ្នោះ​ទើប កា​រក​ម្ម៉​ង់​ទិញ​សំលៀក​បំពាក់​នឹង​អាច​ងើបឡើង​វិញ​បាន ។

នៅ​ពេល​សាកសួរ​ថា តើ​មាន​រោងចក្រ​កាត់ដេរ​ចំនួន​ប៉ុន្មាន​ដែល​បាន​បង្វែរ ឬ​ពង្រីក​បន្ថែម​នូវ​ផលិតកម្ម​ម៉ាស់​សម្រាប់​ការ​នាំ​ចេញ​នោះ លោក​កាំ​ង ម៉ូ​នី​កា បាន​បញ្ជាក់​ថា ថ្ងៃនេះ (​ទី ១ កក្កដា​) លោក​មិន​មាន​ទិន្នន័យ​ក្នុង​ដៃ​សម្រាប់​បញ្ជាក់​ចំនួន​នៃ​ម៉ាស់​ដែល​ត្រូវ​បាន​នាំ​ចេញ​កន្លង​មក និង​ចំនួន​រោងចក្រ​ផលិត​នៅឡើយ​ទេ ។

បើ​តាម​ប្រភព​ព័ត៌មាន​ទទួល​បាន​ពី​មន្ត្រី​នៅ​ព្រ​លាន​យន្តហោះ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​កាលពីដើម​ខែមិថុនា​កន្លង​ទៅ​មានការ​នាំ​ចេញ​ម៉ាស់​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ជា​បន្តបន្ទាប់ ៕