កីឡា

ទូច​​បញ្ចរ៉ុង​ អាចនឹងបញ្ចប់អាជីពជាអ្នកបាល់ទាត់

បើ​តាម​ការ​បង្ហើប​ប្រាប់​របស់កីឡាករបឹងកេត​និង​អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិកម្ពុជាវ័យ៣០​ឆ្នាំទូច​បញ្ចរ៉ុង​រូប​គេ​អាច​នឹង​បញ្ចប់​អាជីព​​ជា​កីឡាករ​បាល់ទាត់ក្នុង​ឆ្នាំ​នេះ។

ការ​បង្ហើប​ពី​ការបញ្ចប់​​អាជីព​នេះ​ក៏​ដោយសារ​រូប​គេ​មាន​វ័យ​កាន់​តែ​ជ្រេ​ចំណែក​ក្លឹប​ម្ចាស់​ជើងឯក​លីគកំពូល​កម្ពុជា៣​សម័យ​កាល​បឹងកេត​ក៏មាន​ជម្រើស​កីឡាករ​ក្មេងៗ​និង​ល្អ​ៗច្រើន​ជាហេតុធ្វើឱ្យគេពិបាក​ប្រកួត​ប្រកួតប្រជែង។​បច្ចុប្បន្នតំណែងការពារស្លាបស្ដាំរបស់បញ្ចរ៉ុង​ត្រូវបានធ្លាក់ទៅលើកីឡាករ​ស្លេះ​សេន​ដែលកំពុងតែឡើងជើងខ្លាំង។

​ចំពោះ​អនាគត​កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពត,​អតីត​កីឡាករ​Dolphin​FC,​ភ្នំពេញក្រោន​និង​នគរបាល​ជាតិ បាន​ផ្ដល់​ជម្រើស​​៣​សម្រាប់​ខ្លួន​ឯង​ប៉ុន្តែ​នៅ​ស្រពិចស្រពិល​នៅ​ឡើយ។ខ្សែ​ការពារ​ជួយ​ឱ្យ​បឹងកេត​លើក​ពាន​លីគកំពូល​កម្ពុជា​ឆ្នាំ​​​២០១២,​២០១៦,​២០១៧​និង​ពានរង្វាន់​សម្ដេច​ហ៊ុន​សែន​​​ឆ្នាំ២០១៩​បាន​បញ្ជាក់​ថា​៖«និយាយ​រួម​ប្រហែល​ជា​ឆ្នាំ​នេះ​ហើយ​(បញ្ចប់​អាជីព​ជា​កីឡាករ)​ខ្ញុំ​មាន​ជម្រើស​៣​សម្រាប់​ខ្លួន​ឯង​ឥឡូវ​នេះ​ប៉ុន្តែ​​មិន​ទាន់​ហ៊ាន​និយាយ»

បញ្ចរ៉ុង​មិន​ទម្លាយ​ឱ្យ​ដឹង​ទេ​ថា​ជម្រើស​ទាំង​បី​នោះ​ជា​អ្វី​ប៉ុន្តែ​គេ​សង្កេត​ឃើញ​​កីឡារ​បឹងកេត​មួយ​ចំនួន​ពេល​​ចូល​និវត្តន៍​ពី​បាល់​ទាត់​ពួកគេតែងមាន​ឱកាស​ការងារ​នៅ​ក្លឹប​តែ​ម្ដង​​​តួយ៉ាងអតីត​ខ្សែ​ប្រយុទ្ធ​ឃួន​ឡាបូរ៉ាវី,​ខ្សែ​ការពារ​លី​រ៉ាវី,​ឈុន​សុធារ័ត្ន​និងអតីត​អ្នកចាំទី​គឹម​មករា​ជា​ដើម។គួរ​បញ្ជាក់​ថាខ្សែការពារគ្រងលេខ៦​ទូច​បញ្ចរ៉ុង​ធ្លាប់​ជាប់​ជម្រើស​ជាតិ​U19​ក្នុង​ឆ្នាំ​២០០៩-២០១០,​U23​ឆ្នាំ​២០០៩​-២០១៣​និងឈុតធំនៅឆ្នាំ​២០១១។បើនិយាយអំពីស្នាដៃវិញ​មុនជួយឱ្យបឹងកេតលើកពានលីគកំពូលបីរដូវកាល,​ជើងឯករង​Mekong​Club​Championship​ឆ្នាំ​២០១៥​និងពានសម្ដេច​ហ៊ុន​សែន​មួយរដូវកាលផងនោះ​គេក៏ធ្លាប់ជួយឱ្យក្លឹបភ្នំពេញក្រោនលើកពាន​MCL​មួយរដូវ​កាល​ដែរ​គឺ​ឆ្នាំ​​២០១០៕