សង្គម

អ្នកលេងពូថៅដៃ ! ក្រោយពីជាតិស្រាចូលខ្លួនដេញប្រល័យជីវិតម៉ែ និងមេភូមិ ខ្នោះក៏ជាប់ ទ្វារនរកក៏រង់ចាំ

(ប៉ៃលិន៖) កូនប្រុសអវជាតបុត្រម្នាក់ ក្រោយពីជាតិស្រាចូលពេញខ្លួន ស្រាប់តែកើតភ្លើងឃាតអាឃាតទាញពូថៅ កាំបិតផ្គាក់ និងប៉័ងតោដងខ្លី ស្ទុះទៅចង់កាប់ប្រល័យជីវិតម្តាយ មិនខ្លាចធ្លាក់នរក១៨ជាន់ឡើយ តែសំណាងល្អ ត្រូវជាម្តាយបានរត់រកអ្នកស្រុកជួយទាន់ និងរាយការណ៍ទៅសមត្ថកិច្ច ចុះមកចាប់ខ្លួនកូនប្រុសគម្រក់នេះ យកទៅចាត់ការតាមផ្លូវច្បាប់តែម្តង។
ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ២១និង១០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ជនសង្ស័យឈ្មោះ ចេន ចិត្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍ទោ ថឹង ថន នាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា មុនពេលកើតហេតុ ម្ដាយរបស់ជនសង្ស័យបានមកប្ដឹងលោកមេភូមិស្លា ថាកូនប្រុសរបស់គាត់បានគំរាមរកកាប់គាត់ ។ បន្ទាប់មកលោកមេភូមិក៏បានទៅដល់ហើយជនសង្ស័យនោះ ក៏បានដេញកាប់លោកមេភូមិ ភ្លាមៗនោះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋានដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យារាងចាល និងអនុញ្ញាតអោយវិលត្រឡប់ទៅផ្ទះវិញ។

ប្រភពបន្តថា លុះមកដល់វេលាម៉ោង២១និង១០ នាទី ជនសង្ស័យបានយកពូថៅមកដេញកាប់លោកមេភូមិម្ដងទៀត តែត្រូវបងប្អូន និងប្រជាពលរដ្ឋជួយឃាត់ ស្របពេលនោះកម្លាំងប្រចាំបញ្ជានៃអធិការដ្ឋានចុះល្បាតនៅជិតភូមិសាស្រ្តនោះ ក៏បាននាំខ្លួនជននោះមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ព្រមទាំងដកហូតកាំបិតផ្គាក់០១, កាំបិតប៉័ងតោចំនួន០១ និងពូថៅចំនួន ០១។

ជនសង្ស័យត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕