កំសាន្ត

បុរសម្នាក់លែងលះប្រពន្ធ បន្ទាប់ពីរៀបការជាមួយនឹងគ្នាបានពីរថ្ងៃ ក្រោយដាច់ផ្ងារនៅយប់ផ្សំដំណេក!

បណ្តាញសារព័ត៌មានឥណ្ឌូនេស៊ីថ្មីៗនេះបានរាយការណ៍ពីករណីដ៏ចម្លែកបំផុតរបស់បុរសអាយុ ៣១ ឆ្នាំម្នាក់ ដែលបានរៀបការជាមួយនារីម្នាក់ ដែលគាត់ស្គាល់តាមអ៊ីនធឺណេត ក្រោយមកទើបដឹងថានាង គឺជាប្រុស បន្ទាប់ពីរៀបការបានពីរថ្ងៃ។ បុរសនោះឈ្មោះថា Muh រៀបការជាមួយនឹង Mita ដែលស្គាល់នាងតាមហ្វេសប៊ុកមួយខែ។ បន្ទាប់ពីទាក់ទងគ្នាស្គាល់ចិត្តគ្នា ល្អូកល្អើននឹងគ្នា អ្នកទាំងពីរក៏សម្រេចចិត្តជួបគ្នានៅពិភពខាងក្រៅ។ ពួកគេបានផឹកកាហ្វេជាមួយនឹងគ្នា ហើយបុរសវ័យ ៣១ឆ្នាំរូបនោះថែមទាំងធ្លាក់ក្នុងអន្លង់ស្នេហ៍នាងថ្វីបើរូបរាង និងសំឡេងរបស់នាង Mita គួរឱ្យសង្ស័យក៏ដោយ។ នាងមើលទៅស្អាត និងរម្យទុំណាស់ ដែលធ្វើឱ្យគាត់លង់ស្នេហ៍ដកមិនរួច។ Muh បានដេកគិតពេញមួយយប់នឹកឃើញតែនាង ហើយប៉ុន្មានសប្ដាហ៍ក្រោយមក គាត់ក៏បានតេណាត់ជួបនាងដើម្បីសុំរៀបការតែម្ដង ហើយនាងក៏ព្រមទទួលសំណើររបស់គាត់។

រីឯថ្លៃទឹកដោះនាងទារចំនួន ២០លានរ៉ូពី (១.៤៣០ដុល្លារ)។ នៅព្រឹកថ្ងៃទី២ មិថុនា Muh និង Mita បានមកដល់ការិយាល័យកិច្ចការសាសនានៅស្រុក Kediri នៃកោះជ្វាភាគកណ្ដាលប្រទេសឥណ្ឌូនេស៊ី ដើម្បីរៀបការនឹងគ្នា។ នៅយប់ផ្សំដំណេក Muh បានព្យាយាមរួមដំណេកជាមួយនឹង Mita ប៉ុន្ដែប្រពន្ធថ្មីថ្មោងរបស់គាត់បដិសេធ។ ដំបូងគាត់គិតថានាងអៀនខ្មាស់ ហើយក៏ប៉ុនប៉ង់ម្ដងទៀតនៅថ្ងៃបន្ទាប់ ប៉ុន្ដែរឿងដដែលបានកើតឡើង ធ្វើឱ្យគាត់មានការសង្ស័យជាខ្លាំង។

បន្ទាប់ពីយប់ថ្ងៃទី៣កន្លងផុតទៅដោយអត់មានបានធ្វើអីៗសោះ Muh ក៏បានធ្វើការស៊ើបអង្កេត ដោយសួរដេញដោលទើបដឹងថា នាង គឺជាប្រុស។ Mita ក៏មិននឹកស្មានថា Muh អត់ដឹងពីភេទរបស់នាងដែរ។ នៅពេល Muh ប្រឈមមុខនឹង Mita នាងបានរត់ចេញពីផ្ទះនោះបាត់ទៅហើយ។ Muh ដ៏ខឹងសម្បារនោះ ក៏បានប្រាប់គ្រួសារខ្លួនពីរឿងនេះ រួចដាក់ពាក្យលែងលះប្រពន្ធភ្លាមៗតែម្ដងទៅ៕