អន្តរជាតិ

អ៊ីរ៉ាក់-អាមេរិក ​​​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​ជា​យុទ្ធសាស្ត្រ​អំពី​អនាគត​នៃ​កងកម្លាំង US ​​​និង​​ទំនាក់ទំនង​​ទ្វេ​ភាគី​

ក្រុង​បាកដាដ៖ ក្រុង​បាកដាដ ​និង​ក្រុង​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​ចាប់​ផ្តើម​ជំនួប​ពិភាក្សា​ជា​យុទ្ធសាស្ត្រ​លើក​ដំបូង​ ដោយ​មាន​បំណង​ធ្វើ​ការ​ចរចា​អំពី​ទំនាក់​ទំនង​ទ្វេ​ភាគី ​​និង​សម្រេច​ទៅ​លើ​អនាគត​នៃ​វត្តមាន​​កងកម្លាំង​អាមេរិក​នៅ​អ៊ីរ៉ាក់។

សេចក្តី​ថ្លែង​ការណ៍​នៅ​លើ​វេបសាយ​របស់​ក្រសួង​ការបរទេស​អ៊ីរ៉ាក់​បាន​ថ្លែង​ថា ​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ភាគី​​ទាំង ​២ ​បាន​រៀបចំ​កិច្ច​ពិភាក្សា​អនុលោម​តាម​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ការងារ​យុទ្ធសាស្ត្រ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ ​២០០៨ ​រវាង​ភាគី​ទាំង ​២ ​នេះ​។

កិច្ច​ពិភាក្សា​នេះ ​បាន​ផ្តោត​ទៅ​លើ​ជោគ​វាសនា​របស់​កងទ័ព​ដឹកនាំ​ដោយ​អាមេរិក​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​​អ៊ីរ៉ាក់​ក្រោយ​ឆ្នាំ ​២០១៤​ ជា​ការ​បន្ថែម​ទៅ​លើ​បញ្ហា​សន្តិសុខ ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​​ សេដ្ឋកិច្ច​ ថាមពល​និង​ទំនាក់​ទំនង​នយោបាយ ​និង​វប្បធម៌​។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​នោះ​បាន​ឲ្យ​ដឹង​ថា ​អាមេរិក​បាន​សន្យា​ថា ​ខ្លួន​នឹង​បន្ត​កាត់​បន្ថយ​កងកម្លាំង​​​របស់​ខ្លួន​នៅ​ប្រទេស​អ៊ីរ៉ាក់។

សេចក្តី​ថ្លែង​ការណ៍​បាន​ថ្លែង​ថា​៖ ​«អាមេរិក​បាន​បញ្ជាក់​ជា​ថ្មី​ថា ​ខ្លួន​មិន​ស្វះស្វែង​ ហើយ​ក៏​មិន​ស្នើសុំ​មូលដ្ឋាន​អចិន្រៃ្តយ៍​ឬ ​វត្តមាន​យោធា​អចិន្រៃ្តយ៍​នៅ​អ៊ីរ៉ាក់​ទេ ​ដោយ​បាន​បន្ថែម​ថា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ ​រដ្ឋាភិបាល​​អ៊ីរ៉ាក់​បាន​ប្តេជ្ញា​ការពារ​កងកម្លាំង​ចម្រុះ​អន្តរជាតិ​ និង​មូលដ្ឋាន​យោធា​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​នេះ។​​

លោក​ Ibrahim al-Ameri សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ក្រុង​បាកដាដ​ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ស៊ីនហួ​ថា ​គ្មាន​អ្វី​ត្រូវ​លាក់​​ជំហរ​របស់​រដ្ឋាភិបាល​ចំពោះ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ US ​និង​ប្រទេស​ផ្សេង​នោះ​ទេ​។

លោក al-Ameri ថា៖ «​ទោះបី​ជា​​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ស្នើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ជួយ​យោធា​អ៊ីរ៉ាក់​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម ​IS ក្តី ក៏​ស្ថានភាព​នោះ​ខុស​ពី​បច្ចុប្បន្ន​ដែរ​​ ​ខណៈ​កង​កម្លាំង​នេះ មាន​សមត្ថភាព​ប្រឈម​​ឧបសគ្គ​នានា​នៅ​ក្នុង​ប្រទេស៕