អន្តរជាតិ

ចំនួន​អ្នក​ស្លាប់​​ដោយសារ​វីរុស​នៅ​អាមេរិក​ឡាទីន​ ​កើន​ឡើង​​ជាង ៧ ​ម៊ឺន​នាក់ ខណៈ​ដែល​​​អឺរ៉ុប​​​គ្រោង​​​បើក​ព្រំដែន​

ក្រុង​សៅប៉ូឡូ៖ ល្បឿន​នៃ​វីរុស​រាតត្បាត​កូរ៉ូណា​ នៅ​​ថេរ​កាល​ពី​ថ្ងៃ​ពុធ ​នៅ​ទូទាំង​អាមេ​រិកឡាទីន ​ជា​ទី​ដែល​ចំនួន​អ្នក​​ស្លាប់​បាន​កើន​ឡើង​ជាង ​៧ ​ម៊ឺន​នាក់ ​ខណៈ​ដែល​អឺរ៉ុប​គ្រោង​បើក​ព្រំដែន​ខាង​ក្រៅ​របស់​ខ្លួន​ឲ្យ​​បរទេស​ចេញ-​ចូល​នៅ​ក្នុង​ខែ​កក្កដា​ ខាង​មុខ​នេះ​។

យោង​តាម​តួ​លេខ​សរុប​របស់​ AFP ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ អាមេរិក​ខាង​ជើង​ និង​ខាង​ត្បូង ​នៅ​តែ​ជា​ចំណុច​កណ្តាល​នៃ​វិបត្តិ​សុខភាព​សកល​ដែល​មាន​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​មនុស្ស​ស្លាប់​ទាំង ​៤១២​ ៩២៦ ​នាក់ ​និង​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន ​៧,៣ ​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក។​

ប្រទេស​ប្រេស៊ីល​ មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ជិត ៤ ​ម៊ឺន​នាក់ ​ឬ​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​អាមេរិក​ឡាទីន ​ដោយ​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ ១ ២៧៤ ​នាក់ ​ក្នុង​រយៈពេល ​២៤ ​ម៉ោង​ចុង​ក្រោយ។

ទោះបី​ជា​វីរុស​នេះ ​បន្ត​ឆ្លង​រាល​ដាល​នៅ​ទូទាំង​ប្រទេស​នេះ​ក្តី ​ក៏​ក្រុង​សេដ្ឋកិច្ច​សៅប៉ូឡូ​បាន​ចាប់​ផ្តើម​បើក​ហាង​លក់​ទំនិញ​ឡើង​វិញ​ កាល​ពី​ថ្ងៃ​ពុធ ​ជា​ផ្នែក​នៃ​ការ​​បន្ត​សកម្មភាព​ជា​បណ្តើរៗ​ឡើង​វិញ។

ផ្សារ​លក់​ទំនិញ​ធំៗ​ ត្រូវ​បាន​បើក​ឡើង​វិញ​នៅ​ក្នុង​ក្រុង​ធំៗ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ១ ថ្ងៃ​មុន​ប្រជាជន​ប្រេស៊ីល​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​នៃ​ក្តី​ស្រឡាញ់។​

ប្រទេស​ម៊ិកស៊ិក ​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៥ ០០០ ​នាក់ ​និង​ប៉េរូ​មាន​អ្នក​ស្លាប់​ជិត ​៦ ពាន់​នាក់ ​និង​អ្នក​ឆ្លង​ចំនួន ​២០៨​ ០០០​ នាក់ ​ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​ដែរ។

ដោយ​មាន​ចំនួន​អ្នក​ស្លាប់ ​៤៨៧​ នាក់​ ក្រុម​សមាជិក​សភា​នៅ​ប្រទេស​បូលីវី​ កាល​ពី​ថ្ងៃ​ពុធ​ បាន​អនុម័ត​កាល​បរិចេ្ឆទ​ថ្ងៃទី ៦​ ខែ​កញ្ញា​ សម្រាប់​ការ​បោះ​ឆ្នោត​ទូទៅ​របស់​ប្រទេស​នេះ​ដែល​ត្រូវ​ពន្យារពេល​ដោយសារ​ជំងឺ​កូវីដ ​១៩ ​នេះ​។

នៅ​កន្លែង​ផ្សេង​ទៀត​ ក្រុង​ម៉ៃអាមី​ដែល​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​បាន​បើក​ឆ្នេរ​សមុទ្រ​របស់​ខ្លួន​ជា​លើក​ដំបូង​ ក្នុង​រយៈពេល ​៣ ខែ​ ស្រប​ពេល​មាន​​ភ័ស្តុតាង​ដែល​ថា ​ទោះបី​ជា​មាន​ករណី​ឆ្លង​ជិត ​២ ​លាន​នាក់ ​និង​ស្លាប់ ​១១២ ០០០ ​នាក់​ ដោយសារ​ជំងឺ​កូវីដ ​១៩ ​នៅ​អាមេរិក​ និង​ស្ថានភាព​ដ៏​អាក្រក់​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់​តែ​ធ្លាក់​ដុនដាប។​

ភ្នាក់ងារ​ទេសចរ​លោក Julie Isaacson មាន​វ័យ ​៦៣ ​ឆ្នាំ ​បាន​និយាយ​ថា៖ «ខ្ញុំ​ទើប​តែ​ចាប់​ផ្តើម​ស្រែក​ភ្លាមៗ​ នៅ​ពេល​ខ្ញុំ​ចេញ​ទៅ​ដល់​ឆ្នេរ​សមុទ្រ​​»។ ​

ក្រុម​ប្រឹក្សា​ប្រាក់​បម្រុង​ទុក​សហព័ន្ធ​​របស់​អាមេរិក​បាន​រៀបចំ​គម្រោង​ស្តារ​សេដ្ឋកិច្ច ​US ​នៅ​ឆ្នាំ​ក្រោយ​។ ​​

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ប្រធាន​សហព័ន្ធ​ Jerome Powell បាន​បញ្ជាក់​ថា ​ទស្សន​វិស័យ​នេះ នៅ​តែ​មិន​ទាន់​ប្រាកដ​ប្រជា​ហើយ​ធនាគារ​កណ្តាល​ និង​សភា​ ត្រូវ​ធ្វើ​ការ​ជា​ច្រើន​ថែម​ទៀត ​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​ប៉ះពាល់​ដោយ​ជំងឺ​​កូវីដ ​១៩។

ចំពោះ​ការ​​ឆ្លង​កាត់​​​មហាសមុទ្រ​អាត្លង់ទិក​ សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា ​ខ្លួន​នឹង​បើក​ព្រំដែន​ខាង​ក្រៅ​ឲ្យ​បរទេស​ចេញ​ចូល​នៅ​ក្នុង​ខែ​កក្កដា ​ខាង​មុខ​នេះ ខណៈ​ដែល​ក្រុម​មេ​ដឹកនាំ​បន្ធូរបន្ថយ​ការ​បិទ​​ ដោយសារ​វីរុស​នេះ​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​​​ដែល​ធ្លាក់​ចុះ​នេះ​ឡើង​វិញ​។

អ្នក​ការ​ទូត​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ លោក ចូសេប បូរែលល៍ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ប្រទេស​សមាជិក​ EU ​បាន​សម្រេច​បើក​ព្រំដែន​ចាប់​ពី​ថ្ងៃ​ទី ​១ កក្កដា​ តទៅ​៕