ទេសចរណ៍

ទេសចរសម្រុកទៅ​​​ឆ្នេរហាឡុងបេ​ ក្រោយ​វៀតណាម​បើក​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក​

ហាឡុងបេ: ពលរដ្ឋ​វៀតណាម​នាំគ្នា​សម្រុក​ទៅ​កាន់​តំបន់​ទេសចរណ៍​ និង​ឆ្នេរ​កាលពី​ចុង​សប្ដាហ៍ ដែល​ជា​ឱកាស​ធ្វើ​ដំណើរ​ថ្មី​​ក្រោយ​ពី​រដ្ឋាភិបាល​កុម្មុយ​និស្ដ​បន្ធូរ​បន្ថយ​បម្រាម​លើ​ការ​ធ្វើ​បំលាស់​ទី​ក្នុង​ស្រុក​ ដើម្បី​ស្ដា​វិស័យ​ទេសចរណ៍​ដែល​រង​ផល​ប៉ះពាល់​ពី​វីរុស​កូរ៉ូណា។

ទេសចរ​រាប់​រយ​នាក់​បាន​រង់​ចាំ​ឡើង​ទូក​ទៅ​កម្សាន្ដ​នៅ​ជ្រលង​ល្បី​ល្បាញ​ ហាឡុងបេ ដែល​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ដោយធ្វើ​ឲ្យ​ឱកាស​​រក្សា​គម្លាត​សុវត្ថិភាព​បាន​តិច​តួច​បំផុត​។

ទេសចរ​ភាគ​ច្រើន​បំភ្លេច​ម៉ាស​មុខ​ ខណៈ​ពួកគេ​ឡើង​ទូក និង​ថត​រូប​សែលហ្វី​ នៅ​តំបន់​ឆ្នេរ​សមុទ្រ​ ដែល​ល្បីទេសភាព​ផ្ទាំង​ថ្ម​ដុះ​ច្រូង​ច្រាង​ផុស​ពីផ្ទៃ​សាគរ។

ស្ថិត​ក្នុង​ហ្វូង​ភ្ញៀវ​ទេសចរ ដួង ខ្វាងហ៊ុយ អាយុ ២១ ឆ្នាំ​ មក​ពី​ខេត្ដ​តំបន់​ភ្នំ​ភាគ​ខាង​ជើង ធូយ៉េន ក្វាង បាន​និយាយ​ថា​៖ «​នេះជា​លើក​ដំបូង​របស់​ខ្ញុំ​ដែល​មក​លេង ហាឡុងបេ ក្រោយ​ពី​កូវីដ ១៩»។ អ្នកទេសចរ​វៀតណាមរូបនេះ​បន្ត​ទៀត​ថា៖ «ខ្ញុំ​មក​ទី​នេះ​ដោយសារ​វាមាន​ទេសភាព​ស្អាត​ ហើយ​ជំងឺ​រាត​ត្បាត​កូវីដ​ បាន​រសាយ​បាត់​។ ដូច្នេះ​ខ្ញុំ​មានអារម្មណ៍​សុវត្ថិភាព​ហើយ​។ ខ្ញុំ​គ្រោង​ទៅ​លេង​ ដាណាង និង​កន្លែង​ផ្សេង​ៗ​ទៀត​»

វៀតណាម​បាន​ទទួល​ការ​សាទរ​ចំពោះ​វិធានការ​គ្រប់​គ្រង​ការរាត​ត្បាត​វិរុស​កូរ៉ូណា ដែល​បច្ចុប្បន្ន​មាន​ចំនួន​ជាង ៣០០ ករណី​ អត់​មាន​ស្លាប់​ ទោះ​ស្ថិត​នៅ​ជាប់​ប្រទេស​ចិន​យ៉ាង​ណា​ក៏ដោយ​។

ប៉ុន្ដែ​ការ​​ប្រកាស​បិទ​​ប្រទេសបាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ជាតិ​។

​វិស័យ​ទេសចរណ៍​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៣៤០​ លាន​ដុល្លារ​ក្នុង​រយៈ​ពេល ៤ ខែ​ដំបូង​នៃ​ឆ្នាំ​២០២០។ នេះ​បើ​យោងតាម​ស្ថិតិ​រដ្ឋាភិបាល​ ដែល​មាន​ការ​ធ្លាក់​ចុះ ៤៥ ភាគរយ​ពី​ឆ្នាំ​កន្លង​។

យ៉ាងណាមិញ ច្រក​​ទ្វារនៅ​តែ​បន្ដ​បិទ​ចំពោះ​ភ្ញៀវ​ទេសចរ​បរទេស តែ​អាជ្ញាធរ​កំពុង​​ប្រែ​ក្លាយ​ទីផ្សារ​ក្នុង​ស្រុក​ដែល​ចំណាយ​រាប់​លាន​ដុល្លារ​ ជាមួយ​ការ​រស់នៅ​បិទ​ប្រទេស​ និង​ការ​បម្រាម​ធ្វើ​ដំណើរ​ដើម្បី​ឲ្យ​មាន​ចរន្ដ​ទេសចរ​ឡើងវិញ​។ លោក ផាន វ៉ាន់គៀន មក​ពី​ក្រុង​ហាណូយ បាន​និយាយ​ថា​៖ «​ពិតជា​ល្អ​ដែល​យើង​អាច​ធ្វើ​ដំណើរ​បាន​នា​ពេល​នេះ​។ យើង​មាន​សណ្ឋាន​ច្រើន​ស្ថិត​ក្នុង​ជម្រើស​របស់​យើង​»

លោក គៀន បាន​ឲ្យ​ដឹង​ថា គ្រួសារ​របស់​លោក​ចង់​ធ្វើ​ដំណើរ​កម្សាន្ដ​ក្នុង​ស្រុក​ពេញ​មួយ​ឆ្នាំ​ដោយសារ​ជើង​ហោះ​ហើរ​អន្ដរជាតិ​ជា​ច្រើន​បាន​លប់​ចោល​ ហើយ​ណា​មួយ​ក៏​បារម្ភ​ពី​ការ​ឆ្លង​វីរុស​ផង​ដែរ​។

ទីក្រុងដាឡាត កសាង​ឡើង​ដោយបារាំង ក៏​បាន​ទទួល​ភ្ញៀវ​ទេសចរ​​កុះ​កុញ​តាំង​ពី​ដើម​ខែ​ឧសភា​។ ក្នុង​ឆ្នាំ​ ២០១៩ វៀតណាម​ទទួល​ភ្ញៀវ​អន្ដរជាតិ​ជាង ១៨ លាន​នាក់​ ដែល​ភាគ​ច្រើន​មក​ពី​តំបន់​អាស៊ី​៕ AFP/HR