ទេសចរណ៍

ផ្ទះ​សំណាក់​​​គ្មាន​ប្លាស្ទិក​នៅ​សៀមរាប ​ទេសចរ​សរសើរ​មិន​ដាច់​ពី​មាត់

សៀមរាប៖ ស្ថិតនៅម្ដុំវត្តបូព៌ ក្រុងសៀមរាប ផ្ទះសំណាក់ដែលជាប់ពានរង្វាន់ Travellers' Choice Award ពីគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Trip Advisor កាលពីឆ្នាំកន្លងទៅនេះ ត្រូវបានណែនាំបន្តគ្នា ជាពិសេសក្នុងចំណោមអ្នកបរិស្ថាននិយម និងអ្នកមិនបរិភោគសាច់។
បង្កើតឡើងក្នុងឆ្នាំ ២០០៨ ដោយលោក Simen Julner និងអ្នកស្រី Katrine Solhaug ជាភរិយា ផ្ទះសំណាក់ Babel តែងតែធ្វើឲ្យភ្ញៀវភ្ញាក់ផ្អើល ជាមួយការប្រើប្រាស់សម្ភារគិតគូរបរិស្ថាន វត្ថុច្នៃប្រើប្រាស់ឡើងវិញ និងឧបករណ៍បែបបុរាណផលិតពីធម្មជាតិដោយសហគមន៍សិប្បករក្នុងស្រុក។


ចានគោមត្នោត ចានត្រឡោក សម ចង្កឹះ ស្លាបព្រាឈើ បំពង់បឺតពីឫស្សី តម្រងឆុងតែពីកន្ត្រងត្បាញដោយដៃ សាប៊ូ និងគ្រឿងប្រើប្រាស់ដទៃទៀត សុទ្ធសឹងតែជាផលិតផល ដែលវិលត្រឡប់ទៅកាន់សម័យកាលមុនពេលដែលប្លាស្ទិកមានគ្រប់ច្រកល្ហក។
រឿងរ៉ាវនៅពីក្រោយការបំបាត់សំរាមប្លាស្ទិកនៅផ្ទះសំណាក់ Babel ត្រូវបានអ្នកស្រី Katrine លើកឡើងថា៖ «យើងបានធ្វើសកម្មភាពជាច្រើន ដើម្បីចូលរូមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងគ្រប់គ្រងកាកសំណល់។ យើងប្រើប្រាស់បំពង់បឺតឫស្សី ក្នុងអាហារដ្ឋាន យើងប្រើថង់ច្រកសំរាមប្រភេទងាយបំបែក ឬអាចកិនបានពី Cleanbodia ជំនួសថង់ប្លាស្ទិកនៅតាមបន្ទប់គេង»។
ម្ចាស់ផ្ទះសំណាក់ជនជាតិន័រវែសរូបនេះបានបញ្ជាក់ទៀតថា៖ «យើងមិនលក់ទឹកក្នុងដបជ័រ ឬប្លាស្ទិកទេ តែយើងមានទឹកសម្រាប់ផ្ទេរបន្ថែម»។


សូម្បីតែសំណល់ពីការចម្អិនក្នុងផ្ទះបាយក៏ត្រូវបានកែច្នៃជាថាមពលប្រើប្រាស់ឡើងវិញ ដោយមិននឹកស្មានដល់ផងដែរ។
អ្នកស្រីបានទទូចថា៖ «ពួកយើងចង់ឲ្យអ្នកទេសចរទាំងឡាយងាកមកផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់ប្លាសិ្ទក មកអនុវត្តការប្រើប្រាស់ផលិតផលបរិស្ថានជំនួសវិញ ព្រោះវាមានជម្រើសច្រើនសម្រាប់អ្នក ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅពេលធ្វើដំណើរ និងការប្រើប្រាស់ប្រចាំថ្ងៃ។ អ្វីដែលយើងត្រូវធ្វើ គឺចាប់ផ្តើមគិតខុសពីមុន និងចាប់ផ្តើមកែទម្លាប់របស់យើង»៕