កីឡា

លោក Hunter អតីត​វីរបុរស​ជួយ​អង់គ្លេស លើកពាន World Cup ទទួល​មរណភាព​ក្នុងវ័យ ៧៦ឆ្នាំ

(ក្រុងឡុងដ៍)៖​ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៨​ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Norman Hunter នៅពេលនេះលោកបានទទួលមរណៈភាពហើយក្នុងវ័យ ៧៦ឆ្នាំ រោគប្រចាំកាយ ខណៈរូបលោកជាសមាជិកដែលបានជួយក្រុមអង់គ្លេស លើកពានរង្វាន់ World Cup 1966 និងបានអតីតសមាជិកជួយក្រុម Leeds United ឈ្នះពាន FA Cup 1972។

លោក Norman Hunter បានទទួលមរណៈភាពកាលពីថ្ងៃទី ១៧ខែមេសា ឆ្នាំ២០២០ នាទីក្រុងឡុងដ៏ ក្នុងនោះលោកបានចាប់ផ្តើមអាជីពបាល់ទាត់ក្នុងតួនាទីខ្សែការពារតាំងពីឆ្នាំ១៩៥៦ ជាមួយក្លិប Leeds United និងក្លាយជាកីឡាករបាល់ទាត់អាជីពក្នុងឆ្នាំ១៩៦២ រហូតដល់ឆ្នាំ១៩៨២ ក្រោយរត់លើទីលានបាន ៨៨២ប្រកួតក្នុងចំណោម ៣ក្លិបហើយស៊ុតបញ្ចូលទីបាន ២៥គ្រាប់និងជួយក្រុមជម្រើសជាតិបានលេខ ៣ក្នុងពាន European Championship 1968។

លោក Norman Hunter បានជាប់ជាសមាជិកក្រុមជម្រើសជាតិអង់គ្លេស ចាប់ពីឆ្នាំ ១៩៦៤ ក្នុងជម្រើស U23 និងបន្តពីឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៧៤ ក្នុងឈុតធំ ហើយរកបាន ២គ្រាប់ក្នុងចំណោមប្រមាណ ២៨ប្រកួតនិងរួមចំណែកជួយក្រុមតោកំណាច់លើកពាន World Cup 1966 និងបានចូលនិវត្តន៍នៅឆ្នាំ១៩៨២ ជាមួយក្លិប Barnsley និងបន្តក្លាយជាជំនួយការគ្រូបង្វឹកចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ ១៩៩០៕