កីឡា

ងាកទៅឆ្នាំ២០១៤ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ធ្លាប់បានណែនាំឲ្យពិភពលោក ត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាតសកល

(អាមេរិក)៖ មិនខុសពីអ្នកជំនាញអន្តរជាតិមួយចំនួន រួមទាំងនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់នោះឡើយ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីអំឡុងឆ្នាំ២០១៤ ក៏ធ្លាប់បានព្រមានផងដែរ ឲ្យសហរដ្ឋអាមេរិកទាំងមូលត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាតសកល ដែលអាចកើតមានឡើងនៅពេលខាងមុខទៀត។ នេះបើតាមការដកស្រង់អត្ថន័យក្នុង ខ្សែវីដេអូសុន្ទរកថារបស់លោក អូបាម៉ា កាលពីឆ្នាំ២០១៤ នៅពេលដែលពិភពលោក ជាពិសេសតំបន់អាហ្វ្រិក កំពុងទទួលរងគ្រោះដោយជំងឺ អ៉ីបូឡា (Ebola)។

នៅក្នុងសន្ទរកថាគ្រានោះ លោក អូបាម៉ា បានលើកឡើងនូវបញ្ហាជាច្រើនក្នុងនោះមានការដូចជាកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដូចជា Ebola នៅថ្ងៃអនាគតទៀត ដោយមិនត្រូវបណ្តោយឲ្យជំងឺណាមួយ ក្លាយជាជំងឺរាតត្បាតជាសកលនោះឡើយ។ ជាងនេះទៅទៀត លោក អូបាម៉ា ក៏បានណែនាំឲ្យមានការត្រៀមហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ទប់ទល់ជំងឺឆ្លងនានា មិនត្រឹមតែនៅក្នុងប្រទេសមួយប៉ុណ្ណោះ តែនៅទូទាំងពិភពលោក គួរតែត្រៀមខ្លួនឲ្យបានគ្រប់ៗគ្នា ទើបធ្វើឲ្យយើងអាចរកឃើញជំងឺបានរហ័ស ដាក់វាឲ្យនៅដាច់ដោយឡែកបានរហ័ស និងដោះស្រាយបញ្ហាបានយ៉ាងរហ័ស។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថានោះ លោក បារ៉ាក់ អូបាម៉ា បានផ្តោតសំខាន់បំផុត ទៅលើការវិនិយោគទៅលើវិស័យសុខាភិបាល ដោយមិនមែនត្រឹមតែស្វែងរក សេវាធានារ៉ាប់រងប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវផ្តោតសំខាន់បំផុត ទៅលើប្រសិទ្ធភាពរបស់វិស័យនេះជាចាំបាច់ ដើម្បីបង្ការទុកជាមុនឲ្យហើយ នៅក្នុងការដោះស្រាយបញ្ហាទាំងថ្នាក់ជាតិ និងអន្តរជាតិ សម្រាប់ថ្ងៃណាមួយ យើងអាចប្រឈមមុខ នឹងជំងឺរាតត្បាតបន្ថែមទៀត។