ឯកឧត្តម គួច ចំរើន អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់

ឯកឧត្តម គួច ចំរើន អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់

(ខេត្តព្រះសីហនុ)៖ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ មានឃុំអូរឧកញ៉ាហេង ឃុំសំរុង ឃុំជើងគោ និងឃុំទឹកល្អក់។
លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានរាយការណ៍ថា កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ដែលត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងស្រុកព្រៃនប់ មានចំនួនជាង ១៤០០០នាក់ និងមានមណ្ឌលចាក់វ៉ាក់សាំងចំនួន៤ទីតាំង រួមមានទីតាំង ឃុំអូរឧកញ៉ាហេង ឃុំសំរ៉ុង ឃុំជើងគោ និងឃុំទឹកល្អក់ ហើយយុទ្ធនាការចាក់វ៉ាក់សាំងនេះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍។
នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថារដ្ឋបាលខេត្តបានដាក់ចេញនូវផែនការលម្អិតបន្ថែម ដោយចាត់ក្រុមគ្រូពេទ្យ និងក្រុមការងារយុវជន ដើម្បីចាត់ចែងទទួលបងប្អូនប្រជាពលរដ្ឋ និងកុមារទាំងអស់ ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងអាចជួយពន្លឿនដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ និងក្មួយៗបានឆាប់រហ័ស។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ត្រូវនាំកូនចៅមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឱ្យកុមារទាំងអស់ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ត្រូវខិតខំសិក្សារៀនសូត្រតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញឱ្យបានគ្រប់ៗគ្នា ដើម្បីជាការចូលរួមលើកស្ទួយចំណេះដឹងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ មិនទាន់បានធូរស្បើយនៅឡើយ ព្រោះប្អូនៗទាំងអស់នេះហើយ គឺជាទំពាំងស្នងឬស្សី ក្នុងការចូលរួមអភិវឌ្ឍ សង្គម គ្រួសារ និងសង្គមជាតិនៅថ្ងៃអនាគត៕