ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញគេចពន្ធចេញពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនបុសមន យ៉ាងអណាធិបតេយ្យ.!

ស្វាយរៀង@.បើតាមប្រភពពីប្រជាពលរដ្ឋនៅឃុំបុសមន ស្រុករំដួល បានឲ្យដឹងថា ក្រុមឈ្មួញតូចធំជាច្រើនកំពុងសម្រុកដឹកជញ្ជូនទំនិញគេចពន្ធចេញពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនបុសមន យ៉ាងពេញទំហឹង ខណៈមេគយចល័ត និងមេគយច្រកទ្វារព្រំដែនបុសមន កំពុងត្រូវប៉ាន់ប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញក្នុងខេត្តស្វាយរៀង ជាច្រើនខែច្រើនឆ្នាំមកហើយ មិនញញើតអ្វីទាំងអស់។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែនបុសមន បានឲ្យដឹងទៀតថា ឈ្មួញធំៗ ដឹកទំនិញគ្រប់ប្រភេទចេញពីវៀតណាម ចូលក្នុងខេត្តស្វាយរៀង និងឈ្មួញមកពីបណ្តាលខេត្តនានា សម្រុកដឹកទំនិញតាមច្រកនេះ បានក្លាយទៅជាប្រភពចំណូលដ៏សំខាន់របស់គយចល័ត និងបក្ខពួកបែងចែកផលប្រយោជន៍គ្នាធ្វើមានធ្វើបានមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

បើតាមក្រុមឈ្មួញ បានឱ្យដឹងថា ពួកគាត់រកស៊ីសព្វថ្ងៃបានត្រឹមចិញ្ចឹមមេគយចល័ត និងមេគយប្រចាំច្រកទ្វារព្រំដែនបុសមន ប៉ុណ្ណោះ ដោយកំណត់យកលុយថ្លៃបាយទឹក ក្នុងមួយរថយន្តធំៗចាប់ពី៦០ម៉ឺនរៀល ទៅ៧០ម៉ឺនរៀលជាកំហិត រីឯរថយន្តតូចនឹងរម៉កសន្តោងវែង បង់ចាប់២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលជាថ្នូរមិនឃាត់។

ជុំវិញបញ្ហានេះ ពលរដ្ឋបានស្នើដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រួតពិនិត្យលើករណីខាងលើផង កុំបណ្ដែតបណ្ដោយឱ្យមានភាពធូរលុងបែបនេះទៀត ព្រោះការនាំចូលផលិតផល ឬអាហារខុសច្បាប់វាបង្កបញ្ហាច្រើនណាស់ដល់ប្រជាពលរដ្ឋខ្មែរ៕

Leave a Reply

Your email address will not be published. Required fields are marked *