ភ្នំពេញ៖ ប្រជាពុទ្ធបរិស័ទវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានប្រមូលផ្ដុំគ្នាតវ៉ារកយុត្តិធម៌ទាំងយប់ ក្រោយលេចធ្លាយនូវករណីមន្រ្តីកងអាវុធហត្ថម្នាក់ និងបក្ខពួក ប្រួតវាយព្រះសង្ឃបណ្ដាលឱ្យរងរបួសព្រះកាយយ៉ាងដំណំ។ យ៉ាងណា ករណីនេះ ត្រូវលោកប្រធានមន្ទីរកិច្ចការសាសនា បញ្ជាក់ខ្លីថា កំពុងធ្វើការដោះស្រាយវិវាទដោយផ្ទាល់…។
នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ទេព គង្កា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានឱ្យដឹងថា ពាក់ព័ន្ធករណីនេះ លោកកំពុងធ្វើការដោះស្រាយវិវាទដោយផ្ទាល់ ជុំវិញការប្រើប្រាស់អំពើហិង្សាលើព្រះសង្ឃចំនួន២អង្គ និងមនុស្សជាច្រើននាក់ ដោយក្នុងនោះ ជនដៃដល់ត្រូវបានគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថថែមទៀតផង។ លោកប្រធានមន្ទីរធម្មការ និងសាសនារូបនេះបញ្ជាក់បន្ថែមថា សម្រាប់ព័ត៌មានលម្អិតលោកនឹងជម្រាបជូននៅពេលក្រោយបន្ថែមទៀត។