អ្នកបើករថយន្តបង្កមានឈ្មោះ តារា រិទ្ធ មុខរបរមន្ត្រីរាជការ ក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកពីក្រោយទាំងកម្រោល បណ្តាលឲ្យមានអ្នកស្លាប់ម្នាក់ និងរបួស២នាក់ ប្តីប្រពន្ធ.!

ភ្នំពេញ ៖ ម៉ូតូសណ្តោងរ៉ឺម៉កខូចក៏ត្រូវបានបុរស២នាក់ រួមនឹងស្ត្រីម្នាក់នាំគ្នារុញតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្រាប់តែបុរសម្នាក់បានបើករថយន្តក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកពីក្រោយទាំងកម្រោល បណ្តាលឲ្យមានអ្នកស្លា.ប់ម្នាក់ និងរបួស២នាក់ ប្តីប្រពន្ធ នៅ យប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ម៉ួ តុលា ភេទប្រុស មុខរបរជាងសំណង់ ស្នាក់នៅកន្លែងធ្វើការ ម្តុំផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិកំពង់ផ្តុំ ឃុំផ្សារក្រ ស្រុកស្ទោង ខេត្តកំពង់ធំ ។

អ្នកបើកបររថយន្តបង្កមានឈ្មោះ តារា រិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលំនៅ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួនប្រគល់អោយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ) ។

មុនពេលកើតហេតុរ៉ឺម៉កម៉ូតូរបស់ជនរងគ្រោះខូចចឹងហើយគេបានឃើញបុរសម្នាក់ដែលជាអ្នកស្លា.ប់បណ្តើរម៉ូតូខាងមុខ ចំណែក២នៅប្តីប្រពន្ធរងរបួសស្រាល អ្នករុញពីក្រោយតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងទៅជើង លុះមកដល់កើតហេតុ ក៏ស្រាប់តែបុរសម្នាក់បានបើករថយន្តម៉ាកហ៊ីយ៉ានដាយស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW 9795 ធ្វើដំណើរក្នុងទិសដៅស្របគ្នា សង្ស័យស្ថានភាពស្រវឹងជ្រុលទៅបុក និងរ៉ឺម៉កម៉ូតូពីក្រោយទាំងកម្រោលយ៉ាងពេញទំហឹង បណ្តាលឲ្យខ្ទាតរ៉ឺម៉កនិងមនុស្សទៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត ព្រមទាំងធ្វើឱ្យបុរសជាអ្នកបណ្តើរម៉ូតូខាងមុខបោកក្បាលស្លា.ប់មួយរំពេច ចំណែកប្តីប្រពន្ធ២នាក់ដែលរុញនៅខាងក្រោយរងរបួសតិចតួចត្រូវបានដឹកតាមកង់បីយកទៅមន្ទីរផងដែរ ។

ពាក់ព័ន្ធករណីនេះ ខាងរថយន្តវិញមិនព្រមឈប់ទទួលខុសត្រូវនោះទេ ក៏ព្យាយាមបើករថយន្តទាំងរងការខូចខាតខាងមុខចំហៀងខាងស្តាំ បើកបានជាង២គីឡូម៉ែត្រ រហូតដល់ជិតច្រកចូលបុរីប៉េងហួតផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នាជួយដេញឃាត់បានរថយន្ត និងអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងប្រគល់អោយសមត្ថកិច្ចមូលដ្ឋានចាត់ការបន្តតាមនីតិវិធីផងដែរ ដោយសមត្ថកិច្ចធ្វើការផ្លុំអាកុល ឃើញថា មានកម្រិត០.៦៧ មីលីលីត្រខ្យល់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងសាច់ញាតិប្រគល់ស.ពអោយយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។ ចំណែកមធ្យោបាយ រួមទាំងអ្នកបើកបរបង្កត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *