ភ្នំពេញ@.នៅព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងតាមរយៈសារអេឡិចត្រូចនិច telegram ថា តំណាងអយ្យការ បានសម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចជា ឈ្មោះ អ៊ុត ធី ភេទប្រុស ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ឈ្មោះ មួង ឃីម ភេទប្រុស និងឈ្មោះ ដួង តារា ភេទប្រុស ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចំពោះឈ្មោះ លី សាម៉េត ភេទប្រុស ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ។
ក្នុងសំណុំរឿងនេះ ឈ្មោះ ដួង តារា ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការ។ ឈ្មោះ លី សាម៉េត គឺត្រូវបាននគរបាលនាំខ្លួនពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញទាំងយប់នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានគេចខ្លួនមួយរយៈ និងបានចេញមុខនិយាយទទួលកំហុសតាមបណ្ដាញសង្គមពីទង្វើរបស់ខ្លួនកន្លងមក និងបានសារភាពចំពោះសមត្ថកិច្ច។ ចំពោះឈ្មោះ មួង ឃីម និងឈ្មោះ អ៊ុត ធី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ និងនាំខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយមានការបែកធ្លាយនូវលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងឈ្មោះ លី សាម៉េត ហៅគ្រូមា ឈ្មោះ ដួង ដារ៉ា និងឈ្មោះ ឡាច សំរោង ក្នុងអំពើឆបោក។
សូមជម្រាបជូនថា សំណុំរឿងនេះត្រូវបានសាធារណជនមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងរូបភាពនៃការឆបោកដោយភ្ជាប់កិត្តិនាមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិ ហើយក្នុងរឿងហេតុនេះដែរ ក៏មានមន្ដ្រីរាជការ ដែលជាអ្នកសូកប៉ាន់ត្រូវបានបញ្ចប់មុខតំណែង ដោយសារតែសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា៕