ភ្នំពេញ@.លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសា
លាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា សំណុំរឿងលោក ដួង តារា ត្រូវបានតំណាងអយ្យការបើកការស៊ើប
សួររួចរាល់ហើយ ដោយបានចោទប្រកាន់ពីបទឆបោក តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
ក្រោយពីបញ្ចប់ការសាកសួរ និងចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយ សំណុំរឿងត្រូវបានតំណាងអយ្យការចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឲ្យចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ឬមិនឃុំខ្លួន ដែលជាឆន្ទានុសិទ្ធិរបស់ចៅក្រម ។ បើយោងតាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដូចដែលតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការនោះ ច្បាប់តម្រូវឲ្យផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៦លានរៀល ។
លោក ដួង តារ៉ា ដែលគេស្គាល់ថាជារដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្ត្រី ទើបមកពីបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយត្រូវបានសមត្ថកិច្ចបង្ហាញដីកានាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្ដង ។ ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក ដួង តារា ជូនស្ថាប័នអយ្យការធ្វើការសាកសួរតាមនីតិវិធី រហូតសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការពីបទឆបោក ។
ទោះបីជាបែបណា មន្ត្រីសមត្ថកិច្ចមិនបានទម្លាយឱ្យដឹងពីការនាំខ្លួនលោកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះ ទាក់ទិននឹងរឿងក្ដីអ្វីឱ្យប្រាកដនៅឡើយទេ និងគ្មានអ្វីក្រៅពីឱ្យច្បាប់ដុសក្អែលរកសខ្មៅឡើយ ។
ជាការកត់សម្គាល់លោក ដួង តារ៉ា កន្លងមកនេះ លោកមានរថយន្តទំនើប និងចែកលុយដល់ជនក្រីក្រតាមដងផ្លូវ ថតដាក់ហ្វេសប៊ុក
បង្ហាញថាជាមនុស្សល្អ តែពេលនេះ រងការចោទប្រកាន់ថា ជាអ្នកនៅពីក្រោយខ្នងនៃគម្រោងឆបោកលុយទ្រង់ទ្រាយធំ ពីប្រជាពលរដ្ឋរាប់សិបនាក់នៅខេត្តស្វាយរៀង ដូចគម្រោងឆបោករបស់អតីតឧកញ៉ា ឡេ ង ចាន់ណា នៅខេត្តសៀមរាបដែរ ។
គម្រោងឆបោកនេះដែរ ដៃគូរបស់លោកត្រូវបានចាប់ឃុំខ្លួនហើយ ដែលប្រើវិធីលួងលោមឱ្យប្រជាពលរដ្ឋដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន«ភូមិខ្មែរគ្រុប» តាមរូបភាពទិញអចលនទ្រព្យ(ផ្ទះនិងដីឡូត៍) ដើម្បីទទួលបានការប្រាក់ខ្ពស់ ។ ប៉ុន្តែនៅទីបំផុត អ្នកចាញ់បោកបានចោទប្រកាន់ថា ក្រុមហ៊ុនភូមិខ្មែរគ្រុបនេះ បានលក់ដីឡូត៍ និងផ្ទះល្វែងខ្យល់តែប៉ុណ្ណោះ ។
លោក ដួង តារា បច្ចុប្បន្នឡើងឋានៈជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោកក្លាយជាមន្ត្រីធំម្នាក់ក្នុងជួររាជរដ្ឋាភិបាល មិនមែនដោយសារអតីតភាព ឬប្រវត្តិតស៊ូនយោបាយណានោះទេ ប៉ុន្តែគឺដោយសារលោកជាអ្នកបង្កើតនិងកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក ។
ការនាំខ្លួនលោកនេះ ទោះបីមិនទាន់អាចដឹងលម្អិតថា ទាក់ទិននឹងករណីមួយណាឱ្យច្បាស់នៅឡើយក្ដី ក៏វាជួនពេលនេះដែរ ឪធម៌របស់លោកគឺគ្រូមា លី សាម៉េត ដ៏ល្បីឈ្មោះខាងនិយាយបញ្ចើចបញ្ចើ កំពុងរត់គេចពីការតាមចាប់ខ្លួនអនុវត្តច្បាប់ ទាក់ទិននឹងការឆបោកប្រាក់
រាប់សែន និងរាប់លានដុល្លារគួរឱ្យភ្ញាក់ផ្អើល ។
គ្រូទាយតាមអនឡាញ ដែលមុននេះគេស្គាល់ថា ជាគ្រូកញ្ចក់ទិព្វឈ្មោះ លី សាម៉េត ឬខ្លះហៅថាគ្រូមា ដែលមានគោរមងារជាឧកញ៉ា ត្រូវបានប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន តែងតាំងជាទីប្រឹក្សាផ្ទាល់ កាលពីឆ្នាំ២០២២ ។ ជាញឹកញាប់ លោក លី សាម៉េត តែងតែចេញមុខជាមួយលោក ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងភាពជាតំណាងនៅក្នុងកម្មវិធីមួយចំនួន ៕