អធិការរងស្រុកគីរិសាគរខេត្តកោះកុង ផឹកស៊ីបាញ់បោះសេរី ផ្គើននឹងការហាមឃាត់ក្នុងអំឡុងពេលដែលបក្សប្រឆាំង កំពុងប្រកាសបាតុកម្មផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់..!

ខេត្តកោះកុង៖ រដ្ឋាភិបាលបានប្រកាសអាសន្នចំណុចខ្ពស់នៅថ្ងៃទី១៧នឹង១៨ខែសីហាឆ្នាំ២០២៤ បន្ទាប់ពីក្រុមជ្រុលនិយមមួយចំនួនតូចបានបង្កើតគ្រុប telegram នឹងគ្រុបផ្សេងៗទៀតក្នុងបណ្តាញសង្គមដើម្បីគៀងគងគ្នាចូលរួមធ្វើបាតុកម្មក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កងកម្លាំងទូទាំងប្រទេសគឺត្រូវត្រៀម២៤ម៉ោងប្រយុទ្ធទប់ស្កាត់បក្ខពួកជ្រុលនិយមទាំងនោះដែលបានចាញ់បោក ឃោសនាពួកប្រឆាំងដែលរស់នៅក្រៅស្រុក។ តែផ្ទុយទៅវិញលោក វរសេនីយ៍ទោ ហ៊ុម សារឺន អធិការរង នៃ អធិការដ្ឋាននគរបាលស្រុកគិរីសាគរ ខេត្តកោះកុង បែជាមិននៅប្រចាំការត្រៀមខ្លួនទប់ស្កាត់តាមបទបញ្ជារ បែជាទៅផឹកសុីរហូតមានការបាញ់បោះសេរីនៅក្នុងហាងមួយកន្លែង។

យោងតាមប្រភពបានឲ្យដឹងថានៅ ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៤ នៅចំណុចហាងទំនប់ទឹកអូរជើងស៊ន ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង គេបានឃើញលោក វរសេនីយ៍ទោ ហ៊ុម សារឺន បានអង្គុយផឹកសុីមានគ្នា៤នាក់ក្នុងនោះក៍មានជនជាតិចិនផងដែរ តែមិនដឹងជាមានរឿងអ្វីស្រាប់តែលោក ហ៊ុម សារឺន បានដកកាំភ្លើងម៉ាកឡុក បាញ់ឡើងទៅលើចំនួន៥គ្រាប់ ហើយដើរច្រង៉េងច្រង៉ាង ពេញហាងដោយមិនតក់ស្លត់មិនភ័យខ្លាចអ្វីទាំងអស់។

យោងតាមប្រភពបានបញ្ជាក់ថាចរិករបស់លោក វរសេនីយ៍ទោ ហ៊ុម សារឺន មិនសាកសមជាមន្ត្រីបំរើរាស្ត្រទាល់តែសោះ ថ្ងៃទី១៧គឺជាថ្ងៃប្រកាសអាសន្នចំណុចខ្ពស់គួរណាតែត្រៀមខ្លួនទប់ស្កាត់រក្សាសន្តិភាពតែផ្ទុយទៅវិញខ្លួនជាមន្ត្រីនគរបាលមានតួនាទីទប់ស្កាត់រាល់បទល្មើសបែទៅជាបង្កើតបទល្មើសដោយខ្លួនឯងដែលនាំឲ្យចលាចលសង្គម។

ជុំវិញរឿងនេះ សារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក វរសេនីយ៍ទោ ហ៊ុម សារឺន បានទេ ដោយសារទូរស័ព្ទតេចូលមិនមានអ្នកលើក នឹងតាមបណ្តាញ telegram ក៏មិនឃើញចូលមើលផងដែរ។
នៅរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ សារព័ត៌មានយើងខ្ញុំក៏បានហៅទូរស័ព្ទទៅលោកវរសេនីយ៍ឯក ព្រហ្ម វណ្ណី អធិការ នៃ អធិការដ្ឋាននគរបាលស្រុកគិរីសាគរ លោកបានលើកទូរស័ព្ទហើយលោកឆ្លើយតបវិញថាទូរស័ព្ទលោកមានសេវាតែ៣កាំស្តាប់មិនសូវបាន ក្រោយពីអ្នកសារព័ត៌មានសួរពាក់ព័ន្ធរឿងបាញ់បោះនេះ លោកឆ្លើយថាមិនមានទេទូរស័ព្ទក៏ដាច់បាត់ទៅ នៅថ្ងៃដដែលអ្នកសារព័ត៌មានយើងខ្ញុំក៏បានហៅទូរស័ព្ទទៅលោក វរសេនីយ៍ឯក ព្រហ្ម វណ្ណី ម្តងទៀតដើម្បីសុំការបំភ្លឺតែលោកឆ្លើយថាជាប់ប្រជុំ។

ប្រភពដែលផ្តល់ព័ត៌មានបានបញ្ជាក់យ៉ាងច្បាស់ថាករណីលោក វរសេនីយ៍ទោ ហ៊ុម សារឺន គឺពិតជាបានផឹកសុីបាញ់បោះសេរីក្នុងថ្ងៃប្រកាសអាសន្នចំណុចខ្ពស់ពិតប្រាកាដមែនហើយលោក ហ៊ុម សារឺន គឺបានបញ្ជូនខ្លួនទៅដល់ស្នងការដ្ឋាននគរបាលខេត្តកោះកុងហើយ។ សារព័ត៌មានយើងខ្ញុំរងចាំការស្រាយបំភ្លឺ រៀងរាល់ម៉ោងធ្វើការ ៕

Leave a Reply

Your email address will not be published. Required fields are marked *