សមត្ថកិច្ចប្រើពេលត្រឹមតែ៦ម៉ោងបំបែកសំណុំរឿងឃាតកម្មបាញ់សម្លាប់គ្រូពេទ្យនៅបុស្តិ៍សុខភាពក្នុងហេតុការណ៍ជម្លោះរឿងតាមស្រឡាញ់មិនបាននៅក្នុងខេត្តមណ្ឌលគិរី .!

ភ្នំពេញ@.ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង២០នាទី នៅចំណុចភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ កែម កែវកន្និការ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាគ្រូពេទ្យ ។ មុនពេលកើតហេតុជនសង្ស័យឈ្មោះ សុខា នុត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិព្នង បានរើសបានកាំភ្លើងមួយដើមAK 47 ពីក្នុងព្រៃ និងបានយកក្នុងគោលបំណងដើម្បីទៅឆ្លុះបាញ់សត្វក្នុងព្រៃ ។

ប៉ុន្តែជនសង្ស័យបានដើរចូលទៅក្នុងបុស្តិ៍សុខភាពអណ្ដូងក្រឡឹងដើម្បីទៅរកជនរងគ្រោះជាមុនសិន លុះពេលទៅដល់ប៉ុស្តិ៍សុខភាពដែលនារីរងគ្រោះត្រូវប្រចាំការ ឃើញជនរងគ្រោះកំពុងតែសម្រាកជាមួយនឹងកូនស្រី ជនសង្ស័យទៅដល់ក៏បានសួរនាំរឿងបាយហូប ហើយក៏ឈ្លោះប្រកែកគ្នា ។ សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខា នុត គឺជាមនុស្សមានប្រពន្ធនឹងកូនរួចទៅហើយ ប៉ុន្តែនៅតែតាមស្រឡាញ់ជនរងគ្រោះទៀត ។

សមត្ថកិច្ច បានបញ្ជាក់ថា បន្ទាប់ពីមានការឈ្លោះទាល់ទែងគ្នាមួយសន្ទុះ ស្រាប់តែជនសង្ស័យបានបាញ់សម្លាប់ជនរងគ្រោះចំនួន២គ្រាប់ ត្រូវចំក្បាលសៀតផ្កាខាងស្ដាំ ធ្លាយចេញទៅខ្នង ចំណែកក្បាលគ្រាប់បន្តធ្លាយត្រូវចំដៃកុមារីរងគ្រោះឈ្មោះ ជូ សាណា ត្រូវជាកូននារីរងគ្រោះ ចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួស។

ជនសង្ស័យ បានព្យាយាមបាញ់សម្លាប់ខ្លួនឯងចំនួនពីរគ្រាប់ផងដែរ ប៉ុន្តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួនពីកន្លែងកើតហេតុចូលទៅក្នុងព្រៃ រហូតដល់ព្រឹកឡើងម៉ោង៥ និង៣០នាទីថ្ងៃទី១៣ ខែឧសភា ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅតុលាការតាមនិតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *