ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។
ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។
មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕